• កម្ពុជា​ពី​ប្រ​ទេស​មិន​សូវ​ស្គាល់​បរិស្ថាន បាន​ក្លាយ​ជា​អ្នក​ចែក​រំ​លែក​បទ​ពិសោធ​ជា​មួយ​ប្រ​ទេស​ហ្សំា​ប៊ី​

              ក្នុង​​​រយៈ​​​ពេល​​ជាង​​២​០​ឆ្នាំ​​មក​​នេះ វិស័យ​​បរិស្ថាន​​កម្ពុជា​​បាន​​ប្រែ​​មុខ​​មាត់​​ថ្មី។ កម្ពុជា​​ពី​​ប្រ​ទេស​​ដែល​​មិន​​សូវ​យល់​​ពី​​វិស័យ​​បរិស្ថាន និង​​ឆ្លង​​កាត់​​សង្គ្រាម បាន​​ប្រែ​​ក្លាយ​​ជា​​ប្រទេស​​ផ្តល់​​បទ​​ពិសោធដល់​​បណ្តា​​ប្រ​ទេស​​ជា​​មិត្ត​​ពី​​វឌ្ឍន​​ភាព​​ស្តី​​ពី​​វិ​ស័យ​​បរិស្ថាន​នៅ​កម្ពុជា​​។ នៅ​​ថ្ងៃ​​ទី​​០២ ខែ​​តុលា​​នេះ រដ្ឋ​​មន្ត្រី​​ក្រ​សួង​​បរិស្ថាន​បាន​អនុញ្ញាត​​លោក​​ស្រី​​បណ្ឌិត Auxilia Ponga លេ​​ខា​​ធិ​​ការ​​អចិន្ត្រៃយ៍​​ផ្នែក​​ត្រួត​​ពិ​និត្យ​ និង​​វាយ​​តម្លៃ នៃ​​ក្រសួង​​ផែន​​ការ​​អភិវឌ្ឍន៍​​ជាតិ ដឹក​នាំ​គណៈ​ប្រតិភូ​រដ្ឋាភិបាល​ប្រទេស​ហ្សាំប៊ី ​(Zambia) ​ដែល​​មាន​​សមា​​ជិក​​ប្រមាណ​​២០​​នាក់​​ចូល​រួម​​ពិ​​ភាក្សា​​ការ​​ងារ​​និង​​ផ្លាស់​​ប្តូរ​​បទ​​ពិ​​សោធ​​លើ​វិស័យ​​បរិស្ថាន​​នៃ​ប្រ​​ទេស​​ទាំង​​ពីរ​​។​

              ឯក​ឧត្តម​ សាយ​ សំ​អាល់ រដ្ឋ​មន្ត្រី​ក្រ​សួង​​បរិស្ថាន និង​ប្រ​ធាន​គណៈ​ប្រតិភូ​ប្រ​ទេស​ហ្សាំ​ប៊ី ​បាន​ជជែក​ពិភាក្សា​យ៉ាង​ស៊ី​ជម្រៅ​លើ​បញ្ហា​នៃ​ការ​ការ​ពារ​ធន​ធាន​ធម្មជាតិ​ ការ​បន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួលអា​កាស​ធាតុ ការ​ស្វែង​យល់​ទស្សនៈ​រវាង​រដ្ឋា​ភិ​បាល​និង​សង្គម​ស៊ី​វិល ការ​ចូល​រួម​ពី​វិស័យ​ឯក​ជន និង​បញ្ហា​សង្គម​មួយ​ចំនួន​ទៀត​។

              ជា​ទូទៅ​អ្វី​ដែល​ធ្វើ​ឱ្យ​បណ្តា​ប្រ​ទេស​ជា​មិត្ត​ចង់​សិក្សា​ស្វែង​យល់ និង​ទទួល​បទ​ពិសោធ​ពី​កម្ពុជា​នោះ​គឺ​ការ​បង្រួប​បង្រួម​ជាតិ​ពេញ​លេញ​ទូ​ទាំង​ប្រទេស​ដែល​មាន​រដ្ឋាភិបាល​តែ​មួយ ភាព​ជា​ម្ចាស់ការ​នៃ​អនុវត្ត​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​សហសវត្សរ៍ ការ​អនុវត្ត​បាន​លើ​ការ​ងារ​គ្រប់​គ្រង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ការ​បន្សុំា​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ការ​ពង្រីក​ផ្ទៃដី​ការ​ពារ​និង​អភិរក្ស​ដែលមាន​រហូត​ដល់​ជាង​៧,៥ លាន​ហិក​តា ការ​ផ្ទេរ​មុខ​ងារ​ឱ្យ​ដាច់​ស្រ​ឡះ​ពី​គ្នា​រវាង​ការ​អភិវឌ្ឍ និង​ការ​អភិរក្ស ការ​ផ្ទេរ​អំណាច​នៃ​ការ​គ្រប់​គ្រង​បរិស្ថាន​ទៅ​កាន់​ថ្នាក់​ក្រោម​ជាតិ និង​ការ​ឆ្លើយ​តបប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ទៅ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ការ​ដោះ​ស្រាយ​លើ​ទស្សនៈ​ផ្ទុយ​គ្នា​រ​វាង​សង្គម​ស៊ី​វិល និង​រដ្ឋាភិ​បាល​ស្តី​ពី​វិស័យ​បរិស្ថាន​ដែល​ក្រសួង​បាន​រៀប​ចំ​វេទិកា​ថ្នាក់​ជាតិ​ដើម្បី​រាយ​ការណ៍​និងដោះ​ស្រាយ​កង្វល់​លើ​វិស័យ​បរិស្ថាន ការ​គៀង​គរ​វិស័យ​ឯក​ជន និង​យុវជន​ឱ្យ​ចូល​រួម​ក្នុង​វិស័យ​បរិស្ថាន​ដោយ​ការ​លើក​ទឹក​ចិត្ត ទទួល​ស្គាល់ និង​ផ្តល់​រង្វាន់​ជា​ដើម​។

              មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឥរិយា​បទ និង​ផ្នត់​គំនិត​របស់​ប្រ​ជា​ពលរដ្ឋ​ជាទូ​ទៅលើវិស័យ​បរិស្ថានត្រូវបានផ្លាស់ប្តូរជាវិជ្ជមានគួរឱ្យកត់សម្គាល់ដែលបានហូរចេញពីកត្តាស្ថេរភាពនយោបាយ ការរីកចម្រើនៃសេដ្ឋកិច្ចក្នុងរង្វង់៧%ក្នុងរយៈពេល២០ឆ្នាំ និងសេរីភាពសារព័ត៌មានដែលពលរដ្ឋកម្ពុជាទទួលបាន៕

    អាន​ព័ត៌មាន​ផ្សេង​ទៀត​ អាន​ព័ត៌មាន​នេះ​ជា​ភា​សារ​អង់​គ្លេស​​