• គណៈ​ប្រតិ​ភូ​ជាតិ និង​អន្តរ​ជាតិ​ជាង ១០០ នាក់​បាន​ចែក​រំលែក​ការ​រៀន​សូត្រ​ពី​បទ​ពិសោធ​និង​វិ​ធី​សាស្ត្រ​សម្រាប់​ពេល​អនា​គត​ដើម្បី​ពង្រឹង​ប្រព័ន្ធ​គ្រប់​គ្រង​ហា​និ​ភ័យ​គ្រោះ​មហ​ន្ត​រាយ​នៅ​សហ​គមន៍​

              នាយក​ដ្ឋាន​ប្រែ​ប្រួល​អា​កាស​ធាតុ​នៃ​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរ​ភាព​សហ​ការ​ជា​មួយ​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិ​យម បាន​រៀប​ចំ​សន្និ​សីទ​ស្តី​ពី​ការ​គ្រប់​គ្រង​ហា​និភ័យ​គ្រោះ​មហន្ត​រាយនៅ​សហ​គមន៍​ ចាប់​ពី​ថ្ងៃ​ទី​៣  ដល់​ថ្ងៃ​ទី​៤ ខែ​តុលា​នៅ​ខេត្ត​សៀម​រាប។ អ្នក​ចូល​រួម​ជាង​១០០​នាក់ ដែល​ជា​ភ្ញៀវ​ជាតិ និង​អន្ដរ​ជាតិ បាន​ចូ​លរួម​ក្នុង​ការ​ផ្លាស់​ប្តូរ​ព័ត៌​មាន​វិធី​សាស្រ្ត និង​ផែន​ការ​នា​ពេលអនាគត​ដើម្បី​ពង្រឹង​ភាព​ធន់​នឹង​គ្រោះ​មហន្តរាយ​នៅ​ថ្នាក់​សហគមន៍​។ កម្ម​វិធី​នេះ បាន​ស​ង្កត់​ធ្ងន់​លើ​វិ​ធី​សាស្រ្ត​ឆ្លើយ​តប​ដែល​គិត​គូ​ពី​យេន​ឌ័រ និង​ការ​ដាក់​បញ្ចូល​នូវ​ការ​កសាង​សមត្ថ​ភាព សម្រាប់​ការ​កាត់​បន្ថយ​ហា​និ​ភ័យ​គ្រោះ​មហន្ត​រាយ ដែល​មាន​ប្រសិទ្ធ​ភាព​នៅ​ថ្នាក់​មូល​ដ្ឋាន​។ សន្និសីទ​នេះ​ត្រូវ​បាន​គាំ​ទ្រ​ដោយ​កម្ម​វិ​ធី​យុទ្ធ​សាស្រ្ត​សម្រាប់​ភាព​ធន់​នឹង​អាកាស​ធាតុ ​(S​PC​​R) នៅកម្ពុជា​ ដែល​គាំ​ទ្រថវិកា​ដោយ​មូល​និ​ធិ​វិ​និ​យោគ​អា​កាស​ធាតុ​តាម​រយៈ​ធ​នាគារ​អភិវឌ្ឍន៍​អា​ស៊ី​។

              នៅ​ក្នុង​សុន្ទ​រក​ថា​ស្វាគមន៍ ឯក​ឧត្តម​ សាស្ត្​រាចារ្យ​ បណ្ឌិត សាបូ អូ​ហ្សា​ណូ រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​បរិស្ថាន​និង​ជា​ប្រ​ធាន​សម្រប​សម្រួល​កម្ម​វិ​ធី​S​P​C​R​ បាន​គូស​ប​ញ្ជាក់​ពី​តម្រូវ​ការ​សម្រាប់​វិធី​សាស្ដ្រ​យេន​ឌ័រ​ដើម្បី​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​ប្រព័ន្ធ​គ្រប់​គ្រង​ហា​និ​ភ័យ​គ្រោះ​មហន្ត​រាយ​នៅ​ថ្នាក់​សហគមន៍​។ ឯក​ឧត្តម​បាន​កត់​សម្គាល់​ថា "ការ​​ទទួល​ខុស​ត្រូវ​កាន់​តែ​ច្រើន​ចំពោះ​កុ​មារ​និ​ង​មនុស្ស​ចាស់​ជាបន្ទុក​លើ​ស្ត្រី ដែល​ជា​ញឹក​ញាប់​ប្រ​ឈម​នឹ​ង​ហា​និ​ភ័​យ​ខ្ពស់​អំ​ឡុង​ពេល​មាន​គ្រោះ​មហន្ត​រាយ​”​។ ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “យើង​ត្រូវ​ការ​ធា​នា​ថា​សមាជិក​សហគមន៍​ទាំង​អស់​រួម​ទាំង​ស្ត្រីកំពុង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​គ្រប់​គ្រាន់​អំ​ពី​ការ​ត្រៀម​បង្ការ​គ្រោះ​មហន្ត​រាយ និង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​មាន​គ្រោះ​មហន្ត​រាយ​។ ថ្ងៃ​នេះ​យើង​នឹង​ចែក​រំលែក​បទ​ពិសោធ​នៃ​ការ​បញ្រ្ជាប​យេន​ឌ័រ​នៅកម្ពុជា​ទៅ​ក្នុង​ការ​គ្រប់​គ្រង​ហា​និ​ភ័យ​គ្រោះ​មហន្ត​រាយ​នៅ​សហគមន៍​ ហើយ​យើង​ចាប់​អារម្មណ៍​ចង់​រៀន​បន្ថែម​ទៀត​ពី​បណ្តា​ប្រទេស​ដទៃ​ទៀត​លើ​បញ្ហា​នេះ និង​ប្រធាន​បទ​ផ្សេងៗ​ទៀត​"។​ លោក​ក៏បាន​សង្កត់​ធ្ងន់​ថា ​"ការ​ចែក​រំលែក​ព័ត៌​មាន​ដើម្បី​បង្កើន​សមត្ថ​ភាព ការ​ផ្តល់​ព័ត៌​មាន​ទាន់​ពេល​វេលា​អំពី​ភាព​រាំង​ស្ងួត ទឹក​ជំនន់ និង​ខ្យល់​ព្យុះ​ទៅ​កាន់​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​គឺ​ជា​តម្រូវ​ការសំ​ខាន់​ដើម្បី​កាត់​បន្ថយ​ការ​បាត់​បង់​សេដ្ឋ​កិច្ច​ជាតិ និង​គាំ​ទ្រ​ដល់​ជីវ​ភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា​ក៏​ដូច​ជា​ប្រជាជន​នៅ​ទូទាំង​ពិភព​លោក​។


              គណៈ​​ប្រតិភូ​រដ្ឋា​ភិ​បាល​មក​ពី​ប្រ​ទេស​ហ្សំា​ប៊ី ​ដែលជាប្រទេសសាកល្បងមួយទៀតនៅក្រោមកម្មវិធីសាកល្បងសម្រាប់ភាពធន់នឹងអាកាសធាតុ ក៏បានចូលរួមនៅក្នុងសន្និសីទនេះផងដែរ ដើម្បីផ្លាស់ប្តូរបទពិសោធវិធីសាស្ត្រដែលមានប្រសិទ្ធិភាពនៅក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅសហគមន៍។ ការចូលរួមរបស់គណៈប្រតិភូនេះគឺជាផ្នែកមួយដ៏សំខាន់នៃសកម្មភាពផ្លាស់ប្តូរចំណេះដឹងរវាងប្រទេសកម្ពុជានិងប្រទេសហ្សំាប៊ីដែលត្រូវបានបង្កើតឡើងតាមរយៈការគាំទ្រដោយមូលនិធិវិនិយោគអាកាសធាតុ ។ លើសពីនេះទៀត ពួកគាត់ក៏មានឱកាសបង្ហាញពីបញ្ហាសំខាន់ៗ ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយដោយពិនិត្យមើលការអនុវត្តសហគមន៍អភិវឌ្ឍន៍កសិកម្ម រោងម៉ាស៊ីនស្រូវ ប្រព័ន្ធប្រឡាយស្រោចស្រពកសិកម្មនិងលូបង្ហូរទឹកនៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ដែលត្រូវបានស្ដារឡើងវិញដោយមានការគាំទ្រពីកម្មវិធី SPCR នៅកម្ពុជា ។

              លោកស្រី Mafalda Duarte ប្រធានគ្រប់គ្រងកម្មវិធី​SPCR នៃមូលនិធិវិនិយោគអាកាសធាតុក៏បានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាដកស្រង់បទពិសោធនៅកម្ពុជាផងដែរ ជាមួយគណៈប្រតិភូមកពីប្រទេសហ្សំាប៊ី អំពីភាពធន់នឹងអាកាសធាតុ។ គាត់បានចែករំលែកព័ត៌មានអំពីរបៀបដែលមូលនិធិវិនិយោគអាកាសធាតុ កំពុងជួយប្រទេសកម្ពុជា និងបណ្តាប្រទេសនានាដើម្បីដោះស្រាយភាពប្រឈមផ្នែកអាកាសធាតុ តាមរយៈការវិនិយោគប្រកបដោយភាពច្នៃប្រឌិត។ សន្និសីទ ក៏បានប្រមូលផ្តុំអ្នកពាក់ព័ន្ធជាច្រើនមកពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ធនាគារអភិវឌ្ឍន៍អាស៊ី តំណាងសហគមន៍ អង្គការមិនមែនរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍នានា។

                ប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសកំពុងអភិវឌ្ឍដទៃទៀត ប្រឈមនឹងហានិភ័យខ្ពស់ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងគ្រោះធម្មជាតិជាច្រើន ហើយក៏កំពុងជួបប្រទះនូវទឹកជំនន់និងភាពរាំងស្ងួតស្ទើរតែរាល់ឆ្នាំ។ សហគមន៍ជនបទ បានរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់និងភាពរាំងស្ងួត និងខ្យល់ព្យុះ។ ក្នុងឆ្នាំខ្លះការជន់លិចកាន់តែខ្លាំងហើយនាំឱ្យមានការបាត់បង់ជីវិតមនុស្ស ការខូចខាតដំណាំនិងសត្វចិញ្ចឹម រួមទាំងផ្ទះសម្បែងនិងបណ្តាញហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍។ ភាពរាំងស្ងួតក៏បានក្លាយទៅជាគ្រោះមហន្តរាយធ្ងន់ធ្ងរនាពេលថ្មីៗនេះដែលបង្កឱ្យខ្វះខាតទឹកសម្រាប់មនុស្សនិងកសិកម្ម។

                ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅសហគមន៍ គឺជាវិធីសាស្រ្តសមស្របក្នុងការដោះស្រាយបញ្ហាទាំងនេះ ហើយកំពុងទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជានិងមហាអនុតំបន់ទន្លេមេគង្គ។ សន្និសីទនេះមានបំណងបង្កើតជាវេទិកាមួយដើម្បីចែករំលែកបទពិសោធក្នុងការអនុវត្ត និងគាំទ្រការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅសហគមន៍។ អ្នកចូលរួមធ្វើបទបង្ហាញបានរៀបរាប់ពីការអនុវត្តនិងយុទ្ធសាស្រ្តល្អៗសម្រាប់ពង្រឹងការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយតាមសហគមន៍ដែលជាវិធីច្នៃប្រឌិតថ្មីក្នុងការកសាងសមត្ថភាព
    សហគមន៍មូលដ្ឋានដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិ និងវិធីសាស្ត្រសម្រាប់ការគ្រប់គ្រងហានិភ័យប្រកបដោយនិរន្តភាព។

    អាន​ព័ត៌មាន​ផ្សេង​ទៀត​ អាន​ព័ត៌មាន​នេះ​ជា​ភា​សារ​អង់​គ្លេស​​