• បង្កើនការគ្រប់គ្រងធនធានទឹកដែលធន់នឹងអាកាសធាតុ ក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង

    រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធនធានទឹក និងឧតុនិយម កំពុងវិនិយោគក្នុងការបង្កើនភាពធន់នឹងអាកាសធាតុ និងការកាត់បន្ថយហានិភ័យទឹកជំនន់ ដោយស្តារឡើងវិញប្រឡាយស្រោចស្រពដំណាក់ឈើក្រម និងប្រព័ន្ធបង្ហូរទឹក។ ប្រព័ន្ធប្រឡាយនេះ គឺមានទីតាំងនៅជួរជើងភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង។ តំបន់នេះងាយរងគ្រោះទឹកជំនន់គំហុកដែលហូរចុះពីភ្នំ ហើយក៏មានភាពរាំងស្ងួតរយៈពេលយូរកាលពីជាង១០ឆ្នាំមុន ជាមួយប្រព័ន្ធស្រោចស្រព និងបង្ហូរទឹកដែលមានសភាខូចខាត នាំឱ្យកាន់តែមានភាពប្រឈមនឹងហានិភ័យទាំងនេះ។​

    មុនការសាងសង់ចាប់ផ្តើម អ្នកជំនាញបច្ចេកទេសមកពីគម្រោងបង្កើនការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតក្នុងខេត្តពោធិ៍សាត់ កំពុងធ្វើការជាមួយក្រសួងធនធានទឹក និងឧតុនិយមដើម្បីបង្កើតម៉ូដែលព្យាករផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើធនធានទឹកក្នុងប្រព័ន្ធប្រឡាយ។ ព័ត៌មានេះនឹងជួយដល់វិស្វករដើម្បីរៀបចំបទដ្ឋានសម្រាប់ការងារស្តារប្រឡាយឡើងវិញនៅដំណាក់កាលទី១ដែលនឹងកាត់បន្ថយហានិភ័យភាពរាំងស្ងួត និងទឹកជំនន់ក្នុងខេត្តពោធិ៍សាត់ស្របតាមសេណារីយ៉ូអាកាសធាតុនាពេលអនាគត។ គម្រោងនេះ គាំទ្រថវិកាដោយមូលនិធិវិនិយោគអាកាសធាតុតាមរយៈធនាគារអភិវឌ្ឍន៍អាស៊ីក្រោមកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ។

    ជាមួយគ្នានេះដែរ គម្រោងបានបណ្តុះបណ្តាលប្រជាពលរដ្ឋចំនួន៤៦ភូមិដែលរស់នៅជុំវិញប្រឡាយដំណាក់ឈើក្រមដើម្បីបង្កើត និងអនុវត្តផែនការភូមិឃុំមានសុវត្ថិភាព។ផែនការភូមិឃុំមានសុវត្ថិភាពពិពណ៌នាពីជំហានដែលសហគមន៍ត្រូវអនុវត្តដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ រួមមានប្រព័ន្ធព័ត៌មានប្រកាសអាសន្នដែលគ្រប់គ្រងកម្ពស់ទឹកក្នុងប្រឡាយ និងប្រកាសដល់អ្នកភូមិនៅពេលចាំបាច់ត្រូវជម្លៀស។

    គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការបច្ចេកទេស ការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍នៃកម្មវិធីSPCR ក៏កំពុងជួយគាំទ្រការវិភាគបច្ចេកទេសដល់ក្រសួងធនធានទឹក និងឧតុនិយមផងដែរ។ គម្រោងការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍ (MCRDP)កំពុងសិក្សាលម្អិតពីលទ្ធភាពគម្រោងបន្សុំាក្នុងការពង្រីកប្រព័ន្ធប្រឡាយដំណាក់ឈើក្រម និងប្រព័ន្ធស្រោចស្រពដោយស្តារឡើងវិញ និងភ្ជាប់ប្រឡាយខេត្តបាត់ដំបង និងពោធិ៍សាត់។ គម្រោង MCRDP ក៏កំពុងកំណត់វិធានការផ្លូវជនបទធន់នឹងអាកាសធាតុដើម្បីធ្វើឱ្យប្រសើរឡើងផលិតកម្មកសិកម្មធន់នឹងអាកាសធាតុ និងទីផ្សារ និងកសាងសហគមន៍ធន់នឹងអាកាសធាតុ។ នៅពេលការសិក្សានេះត្រូវបានបញ្ចប់ គម្រោងMCRDP នឹងជួយក្រសួងធនធានទឹក និងឧតុនិយមដើម្បីស្វែងរកមូលនិធិបន្សុំានឹងការប្រែប្រួលអាកាសធាតុ ដើម្បីធ្វើឱ្យប្រសើរឡើងការគ្រប់គ្រងធនធានទឹក និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្លាយជាការពិតសម្រាប់សហគមន៍ជាច្រើនដែលរស់នៅជុំវិញប្រព័ន្ធប្រឡាយដំណាក់ឈើក្រម។

    អាន​ព័ត៌មាន​ផ្សេង​ទៀត​ អាន​ព័ត៌មាន​នេះ​ជា​ភា​សារ​អង់​គ្លេស​​