• កិច្ច​​ប្រ​​ជុំ​​លើ​ក​​ទី​៦​​របស់​​ក្រុម​​ការ​​ងារ​​សម្រប​​សម្រួល​​កម្ម​​វិធី​​យុទ្ធ​​សាស្ត្រ​ សម្រាប់​​ភាព​​ធន់​​នឹង​​អា​កាស​​ធាតុ​ (SPCR)

    នាយក​ដ្ឋាន​ប្រែ​ប្រួល​អា​កាស​ធា​តុនៃ​​អគ្គលេ​ខា​ធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរ​ភាព​បាន​សហការ​ជា​មួយ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ដែល​អនុវត្ត​គម្រោង​វិនិ​យោគ​ក្រោម​កម្ម​វិធី​យុទ្ធសាស្ត្រសម្រាប់​ភាព​ធន់​នឹង​អា​កាស​ធាតុ​(SPCR)​​ និង​គម្រោង​ហិរញ្ញ​ប្ប​ទាន​សហ​ប្រតិបត្តិ​ការ​បច្ចេក​ទេស​(TA) បាន​ជួប​ជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៧​នេះ នៅ​រាជ​ធានី​ភ្នំ​ពេញ​។

     

    កិច្ច​ប្រ​ជុំ​នេះ ដឹក​នាំ​ដោយ​ឯកឧត្តម សាស្ត្រា​ចារ្យ បណ្ឌិត​ សា​បូ អូ​ហ្សា​ណូ រដ្ឋ​លេ​ខា​ធិការ​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុម​ការ​ងារ​​សម្រប​សម្រួល​កម្ម​វិធី   ឯក​ឧត្តម​ជួប ប៉ារីស៍ អគ្គ​លេ​ខា​ធិ​ការ​រង​នៃអគ្គ​លេ​ខា​ធិ​ការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អ​ភិវឌ្ឍន៍​ដោយ​ចីរភាព និង​បណ្ឌិត តូច ច័ន្ទ​ក្រឹ​ស្នា អគ្គ​នាយករង​នៃ​អ​គ្គនាយក​ដ្ឋាន​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ និង​គ្រប់​គ្រង​បំណុល ក្រ​សួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​ ដើម្បី​​​(១)  ចែក​រំ​លែក​ពី​វឌ្ឍន​ភាព សមិទ្ធ​ផល និង​បញ្ហា​ប្រ​ឈម​ផ្សេងៗ​របស់​គម្រោង​វិនិ​យោគ​នី​មួយៗ​​ក្នុង​រយៈ​ពេល​ ៦ ខែ​ចុង​ក្រោយ​នេះ ចាប់​ពី​ខែ​មករា​ ដល់​ មិថុនា ឆ្នាំ​២០១៧​។ (២)​​បទបង្ហាញ​ពី​មគ្គទេស​ក៏​បន្សុំា​តាម​វិស័យ​ដែល​បាន​រៀប​ចំ​ដោយ​គម្រោង​​TA និង​កំណត់​ចំណុច​​ចាប់​ផ្តើម​នៃ​ការ​បញ្ជ្រាប​ភាព​ធន់​នឹង​អា​កាស​ធាតុ​ទៅ​ក្នុង​ការ​រៀប​ចំ​ផែន​ការ​។ (៣)  បទ​បង្ហាញ​ពី​វឌ្ឍនភាព​ និង​បទ​ពិសោ​ធ​បញ្ជ្រាប​ការ​ប្រែប្រួល​អា​កាស​ធាតុ​ទៅ​ក្នុង​គម្រោង​វិនិ​យោគ​អា​កាស​ធាតុ និង​ផែន​ការ​យុទ្ធសាស្ត្រ​ឆ្លើយ​តប​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​របស់​ក្រសួង​នី​មួយ​ៗ​ដែល​អនុវត្តគម្រោង​វិ​និ​យោគ​។ (៤)​ ការ​ពិភា​ក្សា​ជា​ក្រុម​តាម​វិស័យ​ដើម្បី​កំណត់​ចំណុច​ចាប់​ផ្តើម​ការ​បញ្ជ្រាប​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។ (៥)​ បទ​បង្ហាញ និង​កិច្ច​ពិ​ភាក្សា​វឌ្ឍន​ភាព​ការ​សិក្សា​លម្អិត​ពី​លទ្ធភាព​គម្រោងបន្សុំា​ទាំង​៦​សម្រាប់​ការ​សរ​សេរ​សំណើ​គម្រោង​ស្វែង​រក​មូល​និធិពី​សហគមន៍​អន្តរ​ជាតិ​ និង​(៦) កិច្ច​ពិភាក្សា​លើ​វឌ្ឍន​​ភាព និង​ឱ​កាស​សម្រាប់​សហ​ប្រតិ​បត្តិ​ការ និង​ការ​រៀន​សូត្រ​ពី​គ្នា​ក្នុង​ចំណោមគម្រោង​ក្រោម​កម្ម​វិ​ធី​SPCR​។

     

    ឯក​ឧត្តម​ប្រធាន​ដឹក​នាំ​កិច្ច​ប្រជុំ​នេះ ក៏​បាន​ស្នើ​គម្រោង​វិនិយោគ​ទាំង​អស់ សូម​មេត្តា​ពន្លឿន​សកម្ម​ភាព​ ដែ​ល​​កំពុង​​អនុវត្ត​​ដោយ​​ក្រសួង​​ស្ថាប័ន​ពាក់​ព័ន្ធ ដើម្បី​បញ្ចប់​រាល់​លទ្ធ​ផល​ដែល​រំពឹង​ទុក​តាមផែន​ការ ដោយ​សារ​គម្រោង​មួយ​ចំនួន​នឹង​ត្រូវ​បញ្ចប់​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ជា​ពិ​សេស​គម្រោង​ដែល​ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ​២០១៨ និង​២០១៩​។

    អាន​ព័ត៌មាន​ផ្សេង​ទៀត​ អាន​ព័ត៌មាន​នេះ​ជា​ភា​សារ​អង់​គ្លេស​​